24/03/2026
សល្យគារនៃមន្ទីរពេទ្យជោរៃភ្នំពេញ
OPERATING ROOMS OF CHO RAY-PHNΟM ΡΕΝΗ HOSPITAL
ផ្នែកដាក់ថ្នាំសណ្តំ-ប្រពោធនកម្ម (Anesthesiology Department) នៃមន្ទីរពេទ្យជោរៃភ្នំពេញ មានសល្យគារ (បន្ទប់វះកាត់ / Operating Rooms) បំពាក់ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព សំណើម និងលំ ហូរខ្យល់ស្អាត (Heating, Ventilation and Air Conditioning System, HVAC) ឬ ហៅកាត់ថា ប្រព័ន្ធខ្យល់ស្អាតក្នុងបន្ទប់វះកាត់ ។ ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព សំណើម និងលំហូរខ្យល់ស្អាត ដែល បំពាក់នៅក្នុងបន្ទប់វះកាត់នេះ គឺមិនមែនរៀបចំឡើង ដើម្បីភាពត្រជាក់ផាសុកភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកមួយដ៏សំខាន់ នៃប្រព័ន្ធសុវត្ថិភាពរបស់អ្នកជំងឺ និងក្រុមគ្រូពេទ្យ ។ ខាងក្រោមនេះ គឺជាគុណសម្បត្តិសំខាន់ៗ នៃប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព សំណើម និងលំហូរ ខ្យល់ស្អាត (HVAC) នៅក្នុងបន្ទប់វះកាត់ ៖
១. ការទប់ស្កាត់ការឆ្លងមេរោគ (INFECTION CONTROL)
នេះ គឺជាមុខងារដ៏សំខាន់បំផុត ។ ប្រព័ន្ធនេះ ប្រើប្រាស់តម្រងខ្យល់កម្រិតខ្ពស់ ហៅថា High Efficiency Particulate Air Filter (HEPA) ដែលអាច ៖
ចម្រោះមេរោគ ៖ ចាប់យកមេរោគ (Bacteria) វីរុស (Virus) និងលម្អងធូលី បានរហូតដល់ ៩៩,៩៧% ។
- សម្ពាធខ្យល់វិជ្ជមាន (Positive Pressure) ៖ បង្កើតសម្ពាធខ្យល់ក្នុងបន្ទប់វះកាត់ឱ្យខ្ពស់ជាង សម្ពាធខ្យល់ខាងក្រៅ ដើម្បីរុញច្រានខ្យល់មិនស្អាត មិនឱ្យហូរចូលពេលបើកទ្វារបន្ទប់វះកាត់ ។
២. ការគ្រប់គ្រងសីតុណ្ហភាព និងសំណើម (Temperature & Humidity Control)
កាត់បន្ថយការរីករាលដាលមេរោគ៖ មេរោគ (Bacteria) និង ផ្សិត (Fungi) ចូលចិត្តរស់នៅ ក្នុងមជ្ឈដ្ឋាន ដែលមានសំណើមខ្ពស់ ។ ការរក្សាសំណើម ចន្លោះ ពី៣០% ទៅ ៦០% ជួយទប់ស្កាត់ការ រីកលូតលាស់របស់ពួកវា ។
- ផ្តល់ផាសុកភាព (ភាពងាយស្រួល) ដល់ក្រុមវះកាត់ ៖ គ្រូពេទ្យវះកាត់ត្រូវស្លៀកសម្លៀកបំពាក់ ការពារក្រាស់ៗ និងធ្វើការក្រោមកំដៅនៃអំពូលភ្លើងបំភ្លឺវះកាត់ ។ សីតុណ្ហភាពត្រជាក់ ជួយឱ្យពួកគាត់ មានអារម្មណ៍ស្រស់ថ្លា និងមានការផ្តោតអារម្មណ៍ខ្ពស់លើការវះកាត់ ។
- ការផ្លាស់ប្តូរខ្យល់អាកាស (AIR EXCHANGE)៖ ប្រព័ន្ធនេះ ធ្វើការបូមខ្យល់ចាស់ចេញ និង បញ្ចូលខ្យល់ថ្មី (Air Change per Hour-ACH) ជាច្រើនដង ក្នុងមួយម៉ោង (ជាទូទៅលើស ពី២០ ដង) ដើម្បី ៖
+ បន្សុទ្ធខ្យល់ ៖ បំបាត់ក្លិន និងឧស្ម័នសណ្តំ (Anesthetic Gases) ដែលអាចប៉ះពាល់ដល់សុខភាពបុគ្គលិកពេទ្យ ។
+ លំហូរខ្យល់ Laminar Flow : បង្កើតលំហូរខ្យល់ ដែលបក់ពីលើចុះក្រោមចំពីលើតុវះកាត់ ដើម្បីរុញមេរោគចេញពីតំបន់មុខរបួសវះកាត់ ។
៣. ការការពារឧបករណ៍វេជ្ជសាស្ត្រ
គ្រឿងម៉ាស៊ីនអេឡិចត្រូនិកទំនើបៗ ក្នុងបន្ទប់វះកាត់ ងាយនឹងខូចខាត ប្រសិនបើកម្ដៅឡើងខ្លាំង ពេក ។ ម៉ាស៊ីនត្រជាក់ ជួយរក្សាម៉ាស៊ីនទាំងនោះឱ្យដំណើរការបានថេរ និងមានអាយុកាលវែង ។
ចំណុចសម្គាល់ ៖ ប្រសិនបើបន្ទប់វះកាត់ត្រូវការត្រជាក់ ប៉ុន្តែអ្នកជំងឺត្រូវការកម្ដៅ គ្រូពេទ្យអាចប្រើភួយ កម្ដៅ (Warming Blankets) សម្រាប់ដណ្តប់ឱ្យអ្នកជំងឺ ដើម្បីការពារកុំឱ្យអ្នកជំងឺធ្លាក់ចុះកម្ដៅខ្លាំង (Hypothermia) ក្នុងអំឡុងពេលវះកាត់ ៕
សូមអរគុណ !