30/11/2025
អង្គការ ស៊ី.អិម.អិម.ស៊ី ក្តីសង្ឃឹមនៃយេរេមា មានសេចក្តីសោមន្សរីករាយដោយសម្រេចបាននូវជោគជ័យក្នុងការប្រារព្ធកម្មវិធីសន្និសីទថែទាំវេជ្ជសាស្រ្តប្រចាំឆ្នាំលើកទី៤ ក្រោមប្រធានបទ “Nurses Make the Difference” នាថ្ងៃសៅរ៍ ៩កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលប្រកាសបើកកម្មវិធីក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកស្រី វេជ្ជបណ្ឌិត ហុក តុលា ជាវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទ និងជានាយិកា នៃអង្គការស៊ី.អិម.អិម.ស៊ី ក្តីសង្ឃឹមនៃយេរេមា។ បន្ថែមពីលើនេះទៀត យើងមានកិតិ្តយសដែលបាន លោក ជា សុភក្រ្តមុនីរ័ត្ន ជាប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកថ្នាក់ជាតិ ក៏បានចូលរួមជាមតិស្វាគមន៍ និងសំណេះសំណាលជាមួយអង្គសិក្ខាកាមទាំងអស់ ពីការលើកតម្លៃរបស់គិលានុបដ្ឋាក។
កម្មវិធីសន្និសីទនេះ មានការអញ្ជើញចូលរួមពីសំណាក់អង្គសិក្ខាកាមជាង 200 នាក់ ដែលមកពីមន្ទីរពេទ្យថ្នាក់ជាតិ និងបណ្តាស្ថាប័នផ្សេងៗជាច្រើនដូចជា មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (KFSH) មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ (CCFKH) មន្ទីរពេទ្យជាតិតេជោសន្តិភាព (TSNH) សាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP) វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលកងយោធពលខេមរភូមិន្ទ (HSI-RCAF) មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ (SJHP) មជ្ឈមណ្ឌលសុខភាពមេត្តាករុណាកម្ពុជា (MMCC) មជ្ឈមណ្ឌលវេជ្ជសាស្រ្តហាន់ដា (HMC) និងមជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន (HMC) ព្រមទាំងមានការចូលរួមពីបុគ្គលិកគិលានុបដ្ឋាក និងប្អូនៗនិស្សិតផងដែរ។
កម្មវិធីសន្និសីទថែទាំវេជ្ជសាស្រ្តប្រចាំឆ្នាំលើកទី៤នេះ ប្រព្រឹត្តទៅបានដោយរលូន និងប្រកបដោយផ្លែផ្កា ក្រោមការចូលរួមពីវាគ្មិនកិត្តិយសចំនួន ប្រាំពីររូប រួមមាន ៖
1. Shelly Zimmer ជាប្រធានសន្និសីទនៃអង្គការ ស៊ី អឹម អឹម ស៊ី ក្តីសង្ឃឹមនៃយេរេមា ចូលរួមចែករំលែកពី “The Power of Nursing: Making the Difference Every Day”
2. Gabriella Steven ជា គិលានុបដ្ឋាកផ្នែកអប់រំមកពី សហរដ្ឋអាមេរិក ចូលរួមចែករំលែកពី “A Shared Path of Caring, Learning, and Advancing Nursing in Cambodia”
3. លោកសាស្ត្រាចារ្យជំនួយ លី ច័ន្ទវឌ្ឍនៈ ជា ទីប្រឹក្សាសុខភាពនៃគម្រោងលើកកម្ពស់ការគាំពារសង្គមនិងសុខភាពដំណាក់កាលទី២ នៃកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ចូលរួមចែករំលែកពី “Policy and Advocacy in Nursing”
4. លោកអនុបណ្ឌិត ប៉ុល សុភ័ក្រ្ត ជាប្រធានផ្នែកថែទាំនៃអង្គការ ស៊ី អឹម អឹម ស៊ី ក្តីសង្ឃឹមនៃយេរេមា ចូលរួមចែករំលែកពី “Leadership begins at the bedside”
5. កញ្ញាអនុបណ្ឌិត ហុង យូឡាយ ជាប្រធានអភិវឌ្ឍន៍វិជ្ជាជីវៈផ្នែកគិលានុបដ្ឋាកនៃអង្គការ ស៊ី អឹម អឹម ស៊ី ក្តីសង្ឃឹមនៃយេរេមា ចូលរួមចែករំលែកពី “Healthcare Transformation Through What We Earn, Not What We Ask For”
6. លោក ថៃ ស៊ាងឡាយ ជាប្រធានផ្នែកថែទាំ នៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ចូលរួមចែករំលែកពី “Innovations in Nursing Practice”
7. លោកស្រីសាស្រ្តាចារ្យជំនួយ ទន់ ស្រីពៅ គឺជាព្រឹទ្ធបុរសនៅមហាវិទ្យាល័យគិលានុបដ្ឋាកនិងឆ្មប នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ចូលរួមចែករំលែកពី “Artificial Intelligence and Nursing Education”
ក្រៅពីការចូលរួមធ្វើបទបង្ហាញ យើងក៏មានការចូលរួមពីការធ្វើបទបង្ហាញកិច្ចការស្រាវជ្រាវពីPosterចំនួន ២៣ដែលអញ្ជើញមកពី អង្គការ ស៊ី.អិម.អិម.ស៊ី ក្តីសង្ឃឹមនៃយេរេមា មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលកងយោធពលខេមរភូមិន្ទ និងស្ថាប័នផ្សេងៗទៀត។ សកម្មភាពនៃការចូលរួមដំណើរទស្សនៈកិច្ចនៃការធ្វើបទបង្ហាញកិច្ចការស្រាវជ្រាវ មានការចាប់អារម្មណ៍និងទទួលបានការកោតសរសើរយ៉ាងច្រើនពីអ្នកចូលរួម ដោយពួកគាត់ បានចែករំលែកបទពិសោធន៍ពិតៗ ការច្នៃប្រឌិត និងសមិទ្ធិផល ដោយផ្សាភ្ជាប់ទ្រឹស្តី ជាមួយការអនុវត្តជាក់ស្តែង។
លើសពីនេះទៅទៀត យើងក៏មានវគ្គ Panel Discussion រវាងវាគ្មិនកិត្តិយស និងអង្គសិក្ខាកាមទាំងមូលផងដែរ។ គ្រប់សំណួរ បានប្រព្រឹត្តទៅក្រោមកិច្ចពិភាក្សាដ៏មានអត្ថន័យ និងបំផុសបំផុលនូវការគាំទ្រលើវិស័យសុខាភិបាល ជាពិសេសការអោយតម្លៃ និងលើកតម្កើងវិជ្ជាជីវៈគិលានុបដ្ឋាកមួយនេះ។ តម្លៃមួយនេះ វាត្រូវចាប់ផ្តើមពីគិលានុបដ្ឋាក ផ្ទាល់ រួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលស្របទៅតាមគោលការណ៍យុទ្ធសាស្រ្តបញ្ចកោណ។
ពួកយើង ជាគិលានុបដ្ឋាកពិតជាមានការដឹងគុណ និងគោរពថ្លែងអំណរគុណទៅដល់ វាគ្មិនកិត្តិយសរបស់យើង គឺលោកសាស្ត្រាចារ្យជំនួយ លី ច័ន្ទវឌ្ឍនៈ ដែលបានផ្តួចផ្តើមជាការចូលរួមបរិច្ចាគពីសំណាក់អង្គសិក្ខាកាមទាំងមូល បានចំនួន 125$។ ក្រៅពីនេះ យើងក៏ទទួលបានថវិការតាមរយៈការលក់សម្ភារៈអនុស្សារីយ៍មួយចំនួនផងដែរ។ ការចូលរួមមួយនេះ បានបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅពីការចាប់ផ្តើមពីខ្លួនយើង ក្នុងការចង់ឃើញវិជ្ជាជីវៈមួយនេះមានការរីកចម្រើន និងសង្ឃឹមថាការជួបជុំគ្នានៅសន្និសីទថែទាំវេជ្ជសាស្រ្តនេះនឹងកើតមានឡើងជារៀងរាល់ឆ្នាំ។ ថវិការដែលទទួលបាន នឹងត្រូវបានរក្សាទុកសម្រាប់ការបង្កើតអោយមានសន្និសីទនៅឆ្នាំបន្តទៀត។
ជាចុងក្រោយ អង្គការ ស៊ី.អិម.អិម.ស៊ី ក្តីសង្ឃឹមនៃយេរេមា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ពេលវេលាដ៏មានតម្លៃរបស់វាគ្មិនកិត្តិយស អ្នកធ្វើបទបង្ហាញPoster និងអង្គសិក្ខាកាមទាំងអស់ សម្រាប់ការចូលរួមក្នុងកម្មវិធីសន្និសីទប្រចាំឆ្នាំលើកទី៤ ក្រោមប្រធានបទ “Nurses Make the Difference” នាឆ្នាំនេះ។
សូមចូលតាមតំណរភ្ជាប់នេះ សម្រាប់ពត៌មានទូទៅ
https://sites.google.com/view/cmmcjh4nursingconference2025/homepage
សូមចូលតាមតំណរភ្ជាប់នេះ សម្រាប់រូបភាពទាំងមូលនៃអង្គសន្និសីទ https://sites.google.com/view/cmmcjh4nursingconference2025/photo-gallery-of-the-events