02/12/2025
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានដឹកនាំសហការី ព្រមទាំងមន្ត្រីរាជការ បុគ្គលិកអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតក្នុងក្តីសោកស្តាយ និងស្រណោះអាឡោះអាល័យឥតគណនាចំពោះមរណភាពរបស់ឯកឧត្តមសាស្រ្តាចារ្យ ហេង តៃគ្រី ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១២:១០នាទីរំលងអាធ្រាត្រ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ ឯកឧត្តមសាស្រ្តាចារ្យ ហេង តៃគ្រី គឺជាការបាត់បង់ឧត្តមស្វាមី ឪពុក ឪពុកក្មេក ជីតា និងគ្រូបាធ្យាយគំរូមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ចំពោះកូនចៅ និងញាតិមិត្តជិតឆ្ងាយជាទីគោរពស្រឡាញ់ទាំងអស់។ លើសពីនេះទៅទៀត មរណភាពរបស់ឯកឧត្តមសាស្ត្រាចារ្យ គឺជាការបាត់បង់នូវបញ្ញាវ័ន្តដ៏មានតម្លៃរបស់វិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា ក៏ដូចជាសាស្ត្រាចារ្យបង្ហាត់បង្រៀននិស្សិត ជាពិសេសគឺជាការបាត់បង់នូវអតីតថ្នាក់ដឹកនាំឆ្នើមមួយរូប ប្រកបដោយចក្ខុវិស័យច្បាស់លាស់ ប្រកបដោយបញ្ញាញាណ ឆន្ទៈមនសិការជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ព្រមទាំងបានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន សម្រាប់ជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យក្តុកក្តួលជាពន់ពេកជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ ដោយសេចក្តីសង្វេគជាទីបំផុត។
ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តមសាស្រ្តាចារ្យ ហេង តៃគ្រី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។