11/09/2025
🧑🏻🔬 ហេតុអ្វីត្រូវចាក់ថ្នាំវ៉ាក់សាំង
ពេលឆ្កែ ឆ្មា ខាំ ខ្វាច ឬក្រញៅ?
ព្រោះថ្នាំវ៉ាក់សាំងអាចបង្ការ "ជំងឺឆ្កែឆ្កួត" បាន។
ជំងឺឆ្កែឆ្កួតគឺជាជំងឺធ្ងន់ធ្ងរដែលភាគច្រើនបណ្តាលឱ្យស្លាប់។
🧑🏻🏫 ជំងឺឆ្កែឆ្កួតជាជំងឺដែលបណ្តាលមកពីវីរុស ហើយចម្លង
ពីសត្វមកមនុស្ស តាមរយៈ សត្វឆ្កែ ឆ្មា ប្រជៀវ ស្វា និង
សត្វជ្រូក . . . ជាដើម ។
នៅកម្ពុជា ជាទូទៅជំងឺឆ្កែឆ្កួតជាជំងឺកើតលើសត្វឆ្កែ
និងឆ្លងទៅមនុស្សដោយសារសត្វឆ្កែខាំ ដោយហេតុ
ថាប្រជាជនយើងចូលចិត្តចិញ្ចឹមឆ្កែដើម្បីការពារផ្ទះ។
ទិន្នន័យពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា 🏥បានប៉ាន់ប្រមាណ
ថា ក្នុង ១ ឆ្នាំៗ មានកុមារ និង មនុស្សធំស្លាប់ដោយជំងឺ
ឆ្កែឆ្កួតជាង ៨០០ នាក់។
ជំងឺឆ្កែឆ្កួតពុំទាន់មានថ្នាំព្យាបាលនោះទេ តែយើងអាច
បង្ការបាន ១០០% ដោយការចាក់ថ្នាំបង្ការក្រោយពី
សត្វឆ្កែខាំ និង ១០០% វិវត្តទៅស្លាប់ ប្រសិនបើមានលេចឡើងជារោគសញ្ញា ដោយមិនបានទទួលការចាក់
ថ្នាំបង្ការទាន់ពេលវេលា ។
👩🏻⚕️ ការចម្លងមេរោគឆ្កែឆ្កួតទៅមនុស្ស
មេរោគឆ្កែឆ្កួតឆ្លងចូលតាមមុខរបួស និងមានចលនា
តាមប្រព័ន្ធសរសៃប្រសាទ រួចទៅបង្កមេរោគក្នុង
ខួរក្បាល ធ្វើឲ្យរលាកខួរក្បាល រួចស្តែងចេញជាជំងឺ
ឆ្កែឆ្កួត តាមដំណាក់កាលខាងក្រោម៖
🔸មេរោគឆ្លងចូលទៅក្នុងរបួសតាមទឹកមាត់សត្វខាំ
🔸មេរោគបង្កើនចំនួនក្នុងសាច់ដុំជុំវិញរបួស
🔸មេរោគធ្វើដំណើរពីមុខរបួស ទៅខួរក្បាល
តាមប្រព័ន្ធសរសៃប្រសាទ
🔸មេរោគទៅដល់ខួរក្បាល បង្កឲ្យរលាកខួរក្បាល
កើតជំងឺឆ្កែឆ្កួត
🔸មេរោគឆ្លងពីខួរក្បាល បន្តទៅក្រពេញនានា
ពិសេសក្រពេញទឹក
មនុស្សអាចកើតជំងឺឆ្កែឆ្កួត ប្រសិនបើពួកគេប៉ះពាល់
ទឹកមាត់ ឬជាលិកាសរសៃ ប្រសាទរបស់សត្វដែល
មានមេរោគ ។
ឧទាហរណ៍តាមរយៈការខាំ ឬកោស ហើយមិន
បានទទួលការថែទាំវេជ្ជសាស្ត្រសមស្រប រួមទាំង
វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតផងដែរ ។
👩🏻🔬 រោគសញ្ញា (Symptômes)៖
រោគសញ្ញាដំបូង (Période prodromique)
មានរយៈពេលពី២ថ្ងៃទៅ១០ថ្ងៃ៖
🔸មានការឈឺចុកចាប់នៅកន្លែងខាំបែបរមាស់ ក្តៅ ឬស្ពឹក
🔸ជួនមានក្តៅខ្លួន ជួនអត់មានក្តៅខ្លួន
🔸អត់ឃ្លានចំណីអាហារ ចង្អោរ ក្អួត រាគ
🔸ឈឺក្បាល វិលមុខ តប់ប្រមល់ក្នុងខ្លួន ដេកមិនលក់ យល់សប្តិ វង្វេងៗ
រោគសញ្ញាដំណាក់កាលបន្ទាប់មកទៀត (Période d’état)
គឺជាដំណាក់កាលដែលរលាកខួរក្បាល និងខួរឆ្អឹងខ្នង
ដែលមានរោគសញ្ញាដូចតទៅ៖
🔸អ្នកជំងឺគ្រប់គ្រងខ្លួនឯងលែងបាន
🔸អ្នកជំងឺនៅមិនស្ងៀមមានចលនារហូត(Hyperactivité)
រោគសញ្ញាពិសេសរបស់ជំងឺឆ្កែឆ្កួតគឺ៖ ខ្លាចទឹក (hydrophobie) និងខ្លាចខ្យល់ (aérophobie)
🔸ចេញទឹកមាត់ច្រើន (Hypersalivation)
ចេញញើសច្រើន ចេញនោមអត់ដឹងខ្លួន
🔸ពិបាកលេបចំណីអាហារ (Dysphagie)
🔸មានប្រកាច់ (convulsions) រហូតដល់សន្លប់(Coma)
🔸ការស្លាប់ជាមធ្យម ៥ ថ្ងៃក្រោយពីចេញរោគសញ្ញា
ណាមួយខាងលើ
មេរោគឆ្កែឆ្កួតឆ្លងដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល។ រោគសញ្ញាអាចកើតមានឡើងពីប៉ុន្មានថ្ងៃទៅប៉ុន្មានឆ្នាំ បន្ទាប់ពីការប៉ះពាល់នឹងមេរោគ រួមមានការភ្លេចភ្លាំង
( ការភាន់ច្រឡំ ) អាកប្បកិរិយាមិនប្រក្រតី
ភាពស្រឡាំងកាំង ការភ័យខ្លាចទឹក (ខ្លាចទឹក) និង
ការគេងមិនលក់ (ពិបាកគេង) ដែលភ្លឹក និងស្លាប់ ។
🛡️ ការព្យាបាលក្រោយពីឆ្កែខាំ៖
🔸ក្រោយពីឆ្កែខាំភ្លាមត្រូវលាងសំអាតមុខរបួស
ដោយទឹកនិងសាប៊ូយ៉ាងតិចបំផុតក៏ ១៥ នាទី ដែរ
បន្ទាប់មកលាងសំអាតជាមួយទឹកថ្នាំសម្លាប់មេរោគ
ដូចជា អាល់កុល ឬ អ៊ីយ៉ូឌីន
🔸មិនត្រូវដេររបួសដែលឆ្កែខាំ
🔸ចាក់វាក់សាំងការពារតេតាណូស
🔸ព្យាបាលដោយថ្នាំផ្សះ (បើចាំបាច់)
🔸ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួត
( យកល្អត្រូវធ្វើក្នុង ២៤ម៉ោងក្រោយពី ឆ្កែខាំ ឬប៉ះពាល់
ជាមួយសត្វដែលយើងសង្ស័យថា មានផ្ទុកមេរោគឆ្កែឆ្កួត)
🔸ជួបប្រឹក្សាយោបល់ជាមួយវេជ្ជេបណ្ឌិតដែលនៅជិតអ្នក ៕
#ការពារប្រសើរជាងព្យាបាល
#ពិនិត្យឈាមនិងចាក់វ៉ាក់សាំងគ្រប់ប្រភេទ