04/18/2026
៙. គ្រឿងប្រដាប់ស្មើប្រសើរគាប់ គឺសីលកាន់ជាប់ ភ័ព្វបំពេញ
មនុស្សត្រូវថ្នាក់ថ្នមកុំឱ្យចេញ គឺមនុស្សសម្លាញ់ឱ្យពេញចិត្ត។
ចិត្តត្រូវរក្សាដោយស្មារតី គឺចិត្តប្រុសស្រីនៅស្នេហ៍ស្និទ្ធ
អ្វីត្រូវជ្រោមជ្រែងឱ្យប្រណីត គឺជាគំនិតយោនិសោ ។
ពាក្យត្រូវប្រយ័ត្នជាសាច់ការ គឺពាក្យសន្យា កុំបរោ
ត្រូវដឹងកំពូលនៃមហាចោរ គឺមុសាវាទោ អួតគុណវិសេស។
ទ្រព្យថ្លៃក្រៃលែងក្នុងជីវិត គឺជាសុចរិតព្រមចំណេះ
គុណូបនិស្ស័យក្រៃវិសេស គឺមិនប្រហែសក្នុងការងារ។
ក្រោធត្រូវគ្រប់គ្រងដ៏ក្រៃលែង គឺក្រោធហ្នឹងឯងទោសមហិមា
កុំខ្លាចទានសីល និងភាវនា ត្រូវខ្លាចអវិជ្ជា មូលវដ្ដៈ ។
បុណ្យត្រូវធ្វើញយដោយពេញចិត្ត ពឹងបុណ្យមែនពិតសង្សារចក្រ
ផលបុណ្យលោកិយលោកុត្តរ បានដល់អមតៈ ចប់គ្រប់រឿង.៕៚